មន្រ្តីជំនាញថា ឧបករណ៍មន្ទីពិសោធន៍នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានលក្ខណៈស្តង់ដារអន្តរជាតិ

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូនកម្ពុជា បានថ្លែងថា ឧបករណ៍ និងសម្ភារៈដែលដាក់ឱ្យប្រើប្រាស់ នៅមជ្ឈមណ្ឌលពិសោធន៍នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺមានលក្ខណៈតាមស្តង់សារអន្តរជាតិ ដែលនឹងធ្វើផ្លូវមានគុណភាពខ្ពស់។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេល រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន ឯកឧត្តមបណ្ឌិត យិត ប៉ុណ្ណា កាលពីពេលថ្មីៗនេះ បានអញ្ចើញទស្សនៈណែនាំមជ្ឈមណ្ឌលមន្ទីពិសោធន៍របស់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាមួយក្រុមមន្រ្តីជំនាញ ដែលធ្វើបទបង្ហាញដោយលោក ZHANG ZHONGQI អគ្គនាយកនៃករិយាល័យកណ្តាលនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រួមនឹងក្រុមជំនាញរបស់ចិនផងដែរ។

ក្រោយបានដើរពិនិត្យរួច ឯកឧត្តមបណ្ឌិត យិត ប៉ុណ្ណា បានបង្ហាញចំណាប់អារម្មណ៍ពេញចិត្តចំពោះ មជ្ឈមណ្ឌលមន្ទីរពិសោធន៍កណ្តាល ដែលលេចចេញជារូបរាង និងគោរពតាមស្តង់ដារអន្តរជាតិ ខណៈឯកឧត្តម កាន់តែមានទំនុកចិត្តលើការគ្រប់គ្រងគុណភាពគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ ​

ឯកឧត្តម មើលឃើញថា មជ្ឈមណ្ឌលមន្ទីរពិសោធន៍ គឺបាននាំចូលឧបករណ៍បច្ចេកវិទ្យាទំនើប និងប្រើនូវបទពិសោធន៍ជោគជ័យពីប្រទេសចិន ដែលអាចជួយជំរុញឲ្យការអភិវឌ្ឍបច្ចេកវិទ្យាសាងសង់ផ្លូវជាតិនៅកម្ពុជាកាន់តែជឿនលឿន។

ជាមួយគ្នានេះដែរ លោកអគ្គនាយក ZHANG ZHONGQI បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលមន្ទីរពិសោធន៍កណ្តាល គឺបានអនុវត្តយ៉ាងពេញលេញនូវស្តង់ដារគ្រប់គ្រងគុណភាពត្រួតពិនិត្យយ៉ាងតឹងរឹង​ ។ លោកបន្តថា បច្ចុប្បន្ននេះ ក្រុមការងារបានប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ដោយបានបញ្ចប់ការធ្វើតេស្តសំភារៈសំខាន់ចំនួន ៥ ប្រភេទធំៗ គឺការធ្វើតេស្តភាពធន់នៃសសរគ្រិះ និងការធ្វើតេស្តគំរូនៃមូលដ្ឋានផ្លូវ ខណៈដែលក្រុមការងារកំពុងបន្តអនុវត្តការធ្វើតេស្តគុណភាព នឹងខិតខំប្រឹងប្រែងចែករំលែកការផ្លាស់ប្តូរបច្ចេកវិទ្យាសាងសង់ផ្លូវរវាងប្រទេសកម្ពុជា និងប្រទេសចិនក្នុងទំនាក់ទំនង​ល្អ។

មជ្ឈមណ្ឌលមន្ទីពិសោធន៍គឺតំណាងអោយគម្រោងការិយាល័យកណ្តាលនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រាប់ធ្វើតេស្តទៅលើគុណភាពវិស្វកម្មសម្រោង ទទួលបន្ទុកជាអ្នកត្រួតពិនិត្យពិសោធន៍នឹងការងារដែលពាក់ពន្ធ័ និងទទួលបន្ទុកសិក្សាស្រាវជ្រាវបច្ចេកទេសមួយចំនួនធំ និងគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ វិស្វកម្មធ្វើផ្លូវថ្នល់ផងដែរ។

យោងតាមរបាយការណ៏ ផ្ទៃដីនៃមជ្ឈមណ្ឌលមន្ទីពិសោធន៍សរុប435㎡ ដោយមានទុនវិនិយោគប្រមាណ ៨០០,០០០ ដុល្លារ មានបន្ទប់ពិសោធន៍មាន ១២ បន្ទប់ ក្នុងនោះ មានបន្ទប់គំរូ​​ បន្ទប់មេកានិច ​ បន្ទប់វិភាគដី​ បន្ទប់កៅស៊ូខ្មៅ បន្ទប់លាយកៅស៊ូខ្មៅ​ បន្ទប់លាយប៉េតុង បន្ទប់ដាក់ស៊ីម៉ង បន្ទប់វិភាគគីមី បន្ទប់ធ្វើតេស្តកាដ្ឋាន បន្ទប់ផ្ទុកវត្ថុធាតុ បន្ទប់អភិរក្សស្តង់ដា​ និងបន្ទប់ត្រួតពិនិត្យខាងក្រៅ​៕